ពិព័រណ៍នាំចូលកូរ៉េ ឆ្នាំ២០២៦
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រីជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា សមាគមអ្នកនាំចូលនៃសាធារណរដ្ឋកូរ៉េ (Korea Importers Association - KOIMA) នឹងរៀបចំ “ពិព័រណ៍នាំចូលកូរ៉េ ឆ្នាំ២០២៦” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម COEX Hall B ទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ។ ព្រឹត្តិការណ៍ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ តាំងបង្ហាញ និងណែនាំអំពីផលិតផលបរទេសទៅកាន់អ្នកប្រើប្រាស់ និងទីផ្សារកូរ៉េ ពាក់ព័ន្ធនឹងវិស័យអាហារនិងភេសជ្ជៈ ផលិតផលអ្នកប្រើប្រាស់ និងផលិតផលកសិកម្មជាដើម ដោយគណៈកម្មការរៀបចំពិព័រណ៍នឹងផ្តល់ជូនស្តង់មួយនៅក្នុងពន្លាជាតិអាស៊ានដោយឥតគិតថ្លៃដល់ក្រុមហ៊ុនកម្ពុជាចូលរួម។
