វេទិកាសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេស របស់សាធារណរដ្ឋបារាំង នឹងរៀបចំ «វេទិកាសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍» នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង សាធារណរដ្ឋបារាំង។ វេទិកានេះ នឹងប្រមូលផ្តុំអ្នកជំនាញ ដៃគូអភិវឌ្ឍន៍ និងតួអង្គ សេដ្ឋកិច្ចសំខាន់ៗជាច្រើន ចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការការអភិវឌ្ឍភាពជាដៃគូ និងផ្សព្វផ្សាយអំពីសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៦ រួមមាន កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម។ ភាគីបារាំងនឹងផ្តល់ឱ្យបណ្តាក្រុមហ៊ុន សហគ្រាស និងភាគីពាក់ព័ន្ធរបស់កម្ពុជាចូលរួមក្នុងកម្មវិធីខាងលើដោយឥតគិតថ្លៃ ប៉ុន្តែរាល់ការចំណាយផ្សេងៗជាបន្ទុករបស់អ្នកចូលរួម។
