mt-search-toggle

website.social-medial

World Expo 2025 អូសាកា

ព័ត៌មាន នៃការចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ 

មូលបទប្រចាំឆ្នាំ៖ «រៀបចំសង្គមអនាគតសម្រាប់ជីវិតយើងទាំងអស់គ្នា» (Designing Future Society for Our Lives) អនុមូលបទរបស់កម្ពុជា៖ «ការសង្គ្រោះជីវិត» (Saving Lives)

១. អំពីព្រឹត្តិការណ៍ និងទំហំនៃការចូលរួម 

  • ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកកម្រិតអន្តរជាតិ Expo 2025 Osaka, Kansai នេះ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅលើកោះយូមេស៊ីម៉ា (Yumeshima) ទីក្រុងអូសាកា ប្រទេសជប៉ុន ដោយមានរយៈពេល ៦ខែពេញ គឺចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

  • ព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានប្រទេសចូលរួមរៀបចំពន្លាជាតិសរុបចំនួន ១៥៨ និងអង្គការ-សមាគមអន្តរជាតិធំៗចំនួន ៧ ព្រមទាំងទាក់ទាញភ្ញៀវចូលទស្សនាសរុបជាង ២៩ លាននាក់ (២៩,០១៧,៩២៤ នាក់)

២. ការរៀបចំពន្លាជាតិកម្ពុជា 

  • រចនាបថ និងគោលគំនិត៖ ពន្លាជាតិកម្ពុជា (ស្ថិតក្នុងប្រភេទ B) ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៣០០ ម៉ែត្រក្រឡា ដោយយកស្ថាបត្យកម្ម «ប្រាសាទកោះកេរ» ជាគោលក្នុងការរចនា និងរំលេចអំពី «ទឹកដែលជាប្រភពនៃជីវិត» ស្របតាមមូលបទដែលបានជ្រើសរើស។

  • ការបែងចែកតំបន់៖ ពន្លាជាតិត្រូវបានបែងចែកជាតំបន់ទាក់ទាញជាច្រើន ដូចជា តំបន់ថែវប្រាសាទអង្គរវត្ត (ដែលបំពាក់អេក្រង់ LED ខ្នាតធំបញ្ចាំងវីដេអូកូរសមុទ្រទឹកដោះ) តំបន់វាលស្រែពណ៌មាសបញ្ចាំងទស្សនីយភាពទឹកហូរ និងតំបន់ផ្ទះឫស្សីប្រពៃណី។

  • ការដាក់តាំងផលិតផលសក្តានុពល៖ មានតាំងបង្ហាញនូវផលិតផលកសិកម្ម និងទំនិញសម្គាល់ភូមិសាស្ត្រ (GI) គុណភាពខ្ពស់រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី ម្រេចកំពត ផ្កាអំបិលកំពតកែប ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី ទឹកត្រីកំពតកែប ព្រមទាំងស្នាដៃហត្ថកម្មផ្សេងៗ។

៣. ព្រឹត្តិការណ៍ទិវាជាតិកម្ពុជា 

  • កម្មវិធីទិវាជាតិកម្ពុជា ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម FUJII Hisayuki អនុរដ្ឋមន្ត្រីការបរទេសជប៉ុន។

  • ព្រឹត្តិការណ៍នេះមានការរៀបចំក្បួនដង្ហែវប្បធម៌ចម្ងាយ ១,២២៤ ម៉ែត្រ និងមានការសម្តែងសិល្បៈប្រពៃណីខ្មែរជាច្រើនទម្រង់ ដែលទទួលបានការគាំទ្រ និងស្ញើចសរសើរយ៉ាងខ្លាំងពីភ្ញៀវអន្តរជាតិ។

៤. លទ្ធផលសម្រេចបាន និងពានរង្វាន់កិត្តិយស 

  • សមិទ្ធផលធុរកិច្ច (MoUs)៖ កម្ពុជាបានជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចយ៉ាងសកម្ម ដោយសម្រេចបាននូវការចុះអនុស្សរណៈយោគយល់គ្នា (MoU) និងលិខិតបង្ហាញឆន្ទៈ (Letter of Intent) ជាមួយក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការចែកចាយ និងដាក់លក់ស្វាយចន្ទីកម្ពុជា នៅលើទីផ្សារជប៉ុន។

  • ពានរង្វាន់អន្តរជាតិ៖ ជាមោទនភាពជាតិដ៏ធំធេង និងជាលទ្ធផលដ៏ល្អប្រសើរ កម្ពុជាទទួលបានកិត្តិយសយ៉ាងក្រៃលែងនៅលើឆាកអន្តរជាតិ ដោយបានឈ្នះ «ពានរង្វាន់សំរឹទ្ធ» (Bronze Award) លំដាប់ពិភពលោក លើផ្នែករចនាការតាំងបង្ហាញ (Exhibition Design) ក្នុងព្រឹត្តិការណ៍នេះ។

៥. ពិធីបិទ និងការផ្ទេរទង់ 

  • ពិព័រណ៍នេះត្រូវបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដោយមានការប្រគល់ទង់បន្តទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ធ្វើជាម្ចាស់ផ្ទះ Expo 2030 Riyadh និងប្រទេសស៊ែប៊ី សម្រាប់ Specialized Expo 2027 Belgrade។

World Expo 2025 អូសាកា

សង្ខេបពិព័រណ៍៖

  • កាលបរិច្ឆេទ ១៣ មេសា ២០២៥ - ១៣ តុលា ២០២៥
  • រយៈពេលពិព័រណ៍ ១៨៤ ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ពិភពលោក
  • ទំនាក់ទំនង ១២៦៦
  • ទីតាំង : លើកោះយូមេស៊ីម៉ា ទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន
ចែករំលែក