អំពីពិព័រណ៍ពិភពលោក (World Expo)
ពិព័រណ៍ពិភពលោក គឺជាព្រឹត្តិការណ៍កម្រិតពិភពលោក និងមានវ័យចំណាស់ជាងគេមួយនៅលើពិភពលោក ដែលប្រមូលផ្តុំបណ្តាប្រទេសនានាជុំវិញសកលលោក ឱ្យមកដាក់តាំងបង្ហាញពីសមិទ្ធផលជាតិ វប្បធម៌ នវានុវត្តន៍ និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ខ្លួន។ ព្រឹត្តិការណ៍នេះត្រូវបានគ្រប់គ្រង និងទទួលស្គាល់ជាផ្លូវការដោយ ការិយាល័យតាំងពិព័រណ៍អន្តរជាតិ (BIE) ។
ជាទូទៅ ពិព័រណ៍អន្តរជាតិនេះតែងតែត្រូវបានរៀបចំឡើងដោយមានមូលបទ (Theme) ជាក់លាក់មួយ ដែលផ្តោតការយកចិត្តទុកដាក់លើការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរួមរបស់មនុស្សជាតិ ដូចជាបញ្ហាបរិស្ថាន ថាមពល បច្ចេកវិទ្យា និងការរស់នៅប្រកបដោយចីរភាព។ World Expo មិនត្រឹមតែជាកន្លែងសម្រាប់ដាក់តាំងបង្ហាញផលិតផលប៉ុណ្ណោះទេ ប៉ុន្តែវាជាវេទិកាការទូតសាធារណៈ និងសេដ្ឋកិច្ចដ៏សំខាន់ ដែលអនុញ្ញាតឱ្យប្រទេសនីមួយៗរចនាសាងសង់ ពន្លាជាតិ (National Pavilion) របស់ខ្លួនយ៉ាងទាក់ទាញ ដើម្បីទទួលស្វាគមន៍អ្នកទស្សនារាប់លាននាក់ បង្កើតបណ្តាញទំនាក់ទំនងសកល និងផ្សព្វផ្សាយមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។
ព្រឹត្តិការណ៍នេះត្រូវបានបែងចែកជាពីរប្រភេទចម្បង រួមមាន៖
- ពិព័រណ៍ពិភពលោក (World Expo)៖ រៀបចំឡើងរៀងរាល់ ៥ឆ្នាំម្តង មានរយៈពេល ៦ខែ និងមិនមានការកំណត់ទំហំទីតាំងតាំងពិព័រណ៍ឡើយ (ឧទាហរណ៍៖ Expo 2020 Dubai និង Expo 2025 Osaka)។
- ពិព័រណ៍អន្តរជាតិ (Specialised Expo)៖ រៀបចំឡើងនៅឆ្លាស់គ្នានៃ World Expo មានរយៈពេលកំណត់ត្រឹម ៣ខែ និងមានទំហំទីតាំងតូចជាង (ឧទាហរណ៍៖ EXPO 2027 នៅទីក្រុងបែលក្រាដ ប្រទេសស៊ែប៊ី)។
សាវតានៃពិព័រណ៍ពិភពលោក និងការចូលរួមរបស់កម្ពុជា
|
ពិព័រណ៍ពិភពលោក ២០២៥ – អូសាកា កាន់សៃ, ប្រទេសជប៉ុន (Expo 2025 – Osaka, Kansai, Japan)
- កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ – ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥
- ចំនួនប្រទេសចូលរួមសរុប៖ ១៥៨ ប្រទេស
- ពន្លាជាតិកម្ពុជា(Cambodian Pavilion)៖
- ទីតាំង៖ ស្ថិតក្នុងប្រភេទ B នៅលើកោះយូមេស៊ីម៉ា ទីក្រុងអូសាកា តំបន់កាន់សៃ
- ទំហំ៖ ៣០០ ម៉ែត្រការ៉េ
- ពិធីសម្ពោធ៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥
- ទិវាជាតិកម្ពុជា៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី
- ចំនួនអ្នកទស្សនាសរុប៖ ១,៧៣៤,៥៦៧ នាក់ (ប្រមាណ ៦ភាគរយ នៃចំនួនអ្នកចូលទស្សនាពិព័រណ៍សរុប ២៩,០១៧,៩២៤ នាក់)
- ពិធីប្រគល់រង្វាន់៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥
- ពានរង្វាន់៖ កម្ពុជាទទួលបានពានរង្វាន់សំរឹទ្ធ (Bronze Award) លំដាប់ពិភពលោក ផ្នែករចនាការតាំងបង្ហាញ (Exhibition Design) ក្នុងក្រុមប្រភេទពន្លាជាតិប្រភេទ B និង X ក្នុងចំណោមពានរង្វាន់សរុបមានចំនួនត្រឹមតែ ៤៩។
|
 |
|
ពិព័រណ៍ពិភពលោក ២០២០ – ឌូបៃ, អារ៉ាប់រួម (Expo 2020 – Dubai, UAE)
- កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ – ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២
- ពន្លាជាតិកម្ពុជា(Cambodian Pavilion)៖
- ទិវាជាតិកម្ពុជា៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
- ចំនួនអ្នកទស្សនាសរុប៖ ៤៤២,៣៥០ នាក់ (មធ្យមភាគ ២,៤៣០ នាក់ក្នុងមួយថ្ងៃ)
- ចំនួនអ្នកចូលទស្សនាមានចំនួនទាបជាងកាលពី ២០១៥ ដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ (COVID-19)
- ពិធីប្រគល់រង្វាន់៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២
- ពានរង្វាន់៖ ពានរង្វាន់ប្រាក់ (Silver Award) សម្រាប់ការរចនាពន្លាជាតិល្អបំផុតក្នុងតំបន់និរន្តរភាព (ផ្នែករចនាផ្ទៃក្នុង) ក្នុងចំណោមប្រទេសចូលរួមចំនួន ៤៥។
|
 |
|
ពិព័រណ៍ពិភពលោក ២០១៥ – មីឡាន, អ៊ីតាលី (Expo 2015 – Milan, Italy)
- កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែឧសភា – ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥
- ចំនួនប្រទេសចូលរួមសរុប៖ ១៤៧ ប្រទេស
- ពន្លាជាតិកម្ពុជា(Cambodian Pavilion)៖
- ទីតាំង៖ ស្ថិតក្នុងតំបន់ប្រទេសផលិតស្រូវអង្ករ (Rice Cluster) រួមជាមួយប្រទេសបង់ក្លាដែស ឡាវ មីយ៉ាន់ម៉ា និងសៀរ៉ាឡេអូន
- ទំហំ៖ ៥០០ ម៉ែត្រការ៉េ (មានពីរជាន់)
- ពិធីសម្ពោធ៖ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ ដឹកនាំដោយ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
- ពិធីបើកជាផ្លូវការ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
- ចំនួនអ្នកទស្សនាសរុប៖ ២,២២២,៨៣១ នាក់ (មធ្យមភាគ ១២,០៨០ នាក់ក្នុងមួយថ្ងៃ)
- ពានរង្វាន់៖ ពានរង្វាន់ប្រាក់ (Silver Award) សម្រាប់ការរៀបចំពន្លាជាតិ និងការបង្ហាញស្របតាមប្រធានបទពិព័រណ៍
|
 |
|
ពិព័រណ៍ពិភពលោក ២០១០ – ស៊ាងហៃ, ចិន (Expo 2010 – Shanghai, China)
- កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែឧសភា – ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១០
- ចំនួនប្រទេសចូលរួមសរុប៖ ២៤៦ ប្រទេស និងអង្គការអន្តរជាតិធំៗ
- ពន្លាជាតិកម្ពុជា(Cambodian Pavilion)៖
- ទំហំ៖ ១,០០០ ម៉ែត្រការ៉េ
- ពិធីសម្ពោធ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ទិវាជាតិកម្ពុជា៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១០ ដឹកនាំដោយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
- ចំនួនអ្នកទស្សនាសរុប៖ ៩,៧៣៩,៨២៦ នាក់ (ស្មើនឹង ១៣.៣៣% នៃចំនួនអ្នកចូលទស្សនាសរុប)
- ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានស្ដេចយាងទស្សនា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១០
- ចំនួនអ្នកចូលទស្សនាមានការកើនឡើងច្រើនជាងទ្វេដង បើធៀបនឹងកាលពី ២០០៥ នៅខេត្តអាយឈិ (Aichi)
|
 |
|
ពិព័រណ៍ពិភពលោក ២០០៥ – អាយឈិ, ជប៉ុន (Expo 2005 – Aichi, Japan)
- កាលបរិច្ឆេទ៖ ថ្ងៃទី២៥ ខែមីនា – ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៥
- ចំនួនអ្នកចូលរួមសរុប៖ ១២០ ប្រទេស និងសមាគមអន្តរជាតិចំនួន ៤
- ពន្លាជាតិកម្ពុជា(Cambodian Pavilion)៖
- ទំហំ៖ ៣២៤ ម៉ែត្រការ៉េ
- ពិធីសម្ពោធ៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៥ ដឹកនាំដោយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
- ទិវាជាតិកម្ពុជា៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៥ អញ្ជើញចូលរួមដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី
- ចំនួនអ្នកទស្សនាសរុប៖ ៣,៧២៩,៤៧៦ នាក់ (ស្មើនឹង ១៦.៥% នៃចំនួនអ្នកចូលទស្សនាសរុបដែលមានជាង ៣៤ លាននាក់)
- ភ្ញៀវកិត្តិយ៖
- ព្រះរជ្ជទាយាទនៃប្រទេសជប៉ុន (His Royal Highness the Crown Prince of Japan)
- លោកជំទាវប្រធានាធិបតីនៃប្រទេសអេស្ប៉ាញ (Her Excellency the President of Spain)
- មន្ត្រីជាន់ខ្ពស់មកពីប្រទេសហ្វីលីពីន
- បណ្តារដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីមកពីបណ្តាប្រទេសជាច្រើន
|
 |
|
ពិព័រណ៍ពិភពលោក ២០០០ – ហាណូវើ, អាល្លឺម៉ង់ (Expo 2000 – Hannover, Germany)
- កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែមិថុនា – ថ្ងៃទី៣១ ខែតុលា ២០០០
- សារៈសំខាន់៖ ជាការចូលរួមលើកដំបូងបំផុតរបស់ប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក (World Expo)
- សម្គាល់៖ ការចូលរួមនេះបានប្រព្រឹត្តទៅ មុនពេលមានការបង្កើតគណៈកម្មាការអន្តរក្រសួងដើម្បីដឹកនាំការងារនេះ
|
 |
គោលបំណង នៃការចូលរួមរបស់កម្ពុជា
គោលបំណងយុទ្ធសាស្ត្រនៃការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក (World Expo) ក៏ដូចជាពិព័រណ៍អន្តរជាតិធំៗ គឺត្រូវបានធ្វើឡើងដើម្បីជំរុញរបៀបវារៈជាតិសំខាន់ៗដូចខាងក្រោម៖
- ការទូតសេដ្ឋកិច្ច និងពង្រីកទីផ្សារពាណិជ្ជកម្ម៖ ប្រើប្រាស់វេទិកាអន្តរជាតិទាំងនេះ ដើម្បីដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់ខ្មែរ (ដូចជា អង្ករ ម្រេច គ្រាប់ស្វាយចន្ទី សម្លៀកបំពាក់ និងសិប្បកម្ម) សំដៅស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ និងពង្រីកទីផ្សារនាំចេញទៅកាន់សកលលោក។
- ការទាក់ទាញវិនិយោគបរទេស (FDI)៖ បង្ហាញពីបរិយាកាសវិនិយោគដ៏ល្អប្រសើរ ច្បាប់វិនិយោគថ្មីដែលផ្តល់ភាពអនុគ្រោះ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជា។
- ការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ជាតិ៖ លើកស្ទួយមុខមាត់ប្រទេសជាតិ តាមរយៈការបង្ហាញពីអរិយធម៌ដ៏រុងរឿង សិល្បៈវប្បធម៌ប្រពៃណី និងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកនានា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ក្រោមពាក្យស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ»។
- ការចែករំលែកបទពិសោធន៍សន្តិភាព និងមោទនភាពជាតិ៖ ដូចដែលបានលើកឡើងក្នុងប្រធានបទនៃ EXPO 2027 កម្ពុជាតែងតែយកឱកាសនេះដើម្បីបង្ហាញដល់ពិភពលោក អំពីភាពជោគជ័យនៃការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ការកសាងសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។
- ការធ្វើសមាហរណកម្មអន្តរជាតិ និងនវានុវត្តន៍៖ បញ្ជ្រាបយុទ្ធសាស្ត្រជាតិ (ដូចជាយុទ្ធសាស្ត្របញ្ចកោណ) ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ចបៃតង បរិយាបន្នសង្គម និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយប្រទេសចូលរួមដទៃទៀត។