អំពីព្រឹត្តិការណ៍
ពិធីបុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ថ្នាក់ជាតិដ៏ធំ និងមានប្រជាប្រិយភាពមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ (លើកលែងតែក្នុងអំឡុងពេលមានវិបត្តិសកល)។ លក្ខណៈពិសេសនៃព្រឹត្តិការណ៍នេះ គឺការប្រារព្ធឡើងដោយឈរលើគោលការណ៍ផ្លាស់ប្តូរវេនគ្នាពីមួយឆ្នាំទៅមួយឆ្នាំ នៅតាមបណ្តាខេត្តនានាដែលជាប់ដងទន្លេ ដែលត្រូវបានផ្តួចផ្តើមធ្វើឡើងជាលើកដំបូងតាំងពីឆ្នាំ២០១៥ មកម៉្លេះ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់នូវផ្ទាំងទស្សនីយភាពសិល្បៈ កីឡា និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុកដ៏សប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចលករដ៏សំខាន់ក្នុងការដាស់ស្មារតីមហាជនឱ្យស្រឡាញ់ និងចូលរួមអភិរក្សធនធានទឹក និងតំបន់ជុំវិញដងទន្លេផងដែរ។
សាវតា
ពិធីបុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ (លើកលែងឆ្នាំដែលមានវិបត្តិ) ដោយផ្លាស់ប្តូរវេនគ្នាតាមបណ្តាខេត្តជាប់ដងទន្លេ។ សម្រាប់ឆ្នាំ២០២៥ នេះ គឺជាលើកទីមួយហើយដែល ខេត្តតាកែវ ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ប្រវត្តិការរៀបចំពិធីបុណ្យទន្លេ (២០១៥ - ២០២៥):
- លើកទី ១ (២០១៥): ខេត្តក្រចេះ
- លើកទី ២ (២០១៦): ខេត្តកំពង់ចាម និងត្បូងឃ្មុំ
- លើកទី ៣ (២០១៧): ខេត្តស្ទឹងត្រែង
- លើកទី ៤ (២០១៨): ខេត្តកណ្តាល (ក្រុងតាខ្មៅ)
- លើកទី ៥ (២០១៩): ខេត្តកំពង់ឆ្នាំង
- លើកទី ៦ (២០២០): ខេត្តបាត់ដំបង (២០២១-២០២២: ផ្អាកដោយសារកូវីដ-១៩)
- លើកទី ៧ (២០២៣): ខេត្តកំពង់ធំ
- លើកទី ៨ (២០២៤): ខេត្តសៀមរាប
- លើកទី ៩ (២០២៥): ខេត្តតាកែវ
គោលបំណង
គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។
