បណ្ដាញសង្គម

អំពីនាយកដ្ឋាន

ទិដ្ឋភាពទូទៅ និងភារកិច្ចរបស់នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍

នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ មានតួនាទី និងការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង សម្របសម្រួល និងជំរុញសកម្មភាពពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ទាំងក្នុង និងក្រៅប្រទេស ដោយមានភារកិច្ចស្នូលដូចខាងក្រោម៖

  • ការរៀបចំ និងចូលរួមព្រឹត្តិការណ៍៖ រៀបចំ និងចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ពាណិជ្ជកម្មក្នុងប្រទេស ក្រៅប្រទេស ពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដើម្បីបង្កើតឱកាសពាណិជ្ជកម្មសម្រាប់ធុរជនកម្ពុជា និងបរទេស។
  • ការកៀងគរ និងផ្សព្វផ្សាយ៖ ផ្សព្វផ្សាយ និងកៀងគរផលិតករ និងអាជីវករ ឱ្យទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស។
  • ការសម្របសម្រួលអន្តរជាតិ៖ ទទួលបន្ទុកសម្របសម្រួលការងារជាមួយការិយាល័យពិព័រណ៍អន្តរជាតិ និងធ្វើជាលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំការចូលរួមពិព័រណ៍ពិភពលោក និងអន្តរជាតិ។
  • ការគ្រប់គ្រងការអនុញ្ញាត៖ គ្រប់គ្រងការចេញលិខិតអនុញ្ញាតឱ្យរៀបចំពិព័រណ៍ពាណិជ្ជកម្ម ការតាំងបង្ហាញ និងការផ្សព្វផ្សាយផលិតផលនានា។
  • ការគ្រប់គ្រងមជ្ឈមណ្ឌល៖ រៀបចំបង្កើត និងគ្រប់គ្រង "មជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជាតិ" ព្រមទាំង "មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស"។
  • កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង៖
    • សម្របសម្រួល និងទំនាក់ទំនងព័ត៌មានជាមួយអនុព័ន្ធ និងតំណាងពាណិជ្ជកម្មនៅបរទេស។
    • ធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងអង្គភាពជំរុញពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស។
    • សម្របសម្រួល និងសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។
  • ការងាររដ្ឋបាល និងហិរញ្ញវត្ថុ៖ គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច។

នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ មានការិយាល័យចំណុះចំនួន ៤ (បួន) រួមមាន៖

១. ការិយាល័យកិច្ចការទូទៅ និងបរិវត្តកម្មពិព័រណ៍ : ការិយាល័យនេះប្រៀបដូចជាសេនាធិការកណ្តាល ដែលទទួលបន្ទុកលើការងាររដ្ឋបាល គ្រប់គ្រងបុគ្គលិក រៀបចំផែនការយុទ្ធសាស្ត្រ និងបូកសរុបរបាយការណ៍រួមរបស់នាយកដ្ឋាន។ បន្ថែមពីនេះ ការិយាល័យនេះក៏ផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តកម្មពិព័រណ៍ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីផងដែរ។

២. ការិយាល័យកិច្ចការពិព័រណ៍ពាណិជ្ជកម្មក្រៅប្រទេស : ការិយាល័យនេះផ្តោតជាចម្បងលើឆាកអន្តរជាតិ ដោយមានភារកិច្ចរៀបចំ សម្របសម្រួល និងគាំទ្រដល់វិស័យឯកជន (វិនិយោគិន ផលិតករ ពាណិជ្ជករ) ក្នុងការយកផលិតផលកម្ពុជាទៅចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍ពិភពលោកនៅក្រៅប្រទេស។

៣. ការិយាល័យកិច្ចការពិព័រណ៍ពាណិជ្ជកម្មក្នុងប្រទេស : ការិយាល័យនេះទទួលខុសត្រូវរាល់ព្រឹត្តិការណ៍ពិព័រណ៍នៅផ្ទៃក្នុងប្រទេស។ តួនាទីសំខាន់ៗរួមមាន ការរៀបចំកម្មវិធីដោយផ្ទាល់ ការចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុននានារៀបចំពិព័រណ៍ ការគ្រប់គ្រងមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជាតិ និងការគាំទ្រចលនាភូមិមួយផលិតផលមួយ។

៤. ការិយាល័យជំរុញពាណិជ្ជកម្ម : ការិយាល័យនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរក និងពង្រីកទីផ្សារនាំចេញ។ ការងារស្នូលរួមមាន ការសិក្សាស្រាវជ្រាវគោលនយោបាយទីផ្សារ រៀបចំជំនួបផ្គូផ្គងពាណិជ្ជកម្ម (B2B) និងគ្រប់គ្រង/សម្របសម្រួល "មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស" ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាទៅកាន់ពិភពលោក។

About CTExpo
Vision

ចក្ខុវិស័យ

ក្លាយជាសេនាធិការដ៏រឹងមាំក្នុងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងនៃផលិតផល និងសេវាកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈការធ្វើពិពិធកម្មទីផ្សារ និងការបង្កើតកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗ ដើម្បីរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ នាយកដ្ឋានមានបេសកកម្មសំខាន់ៗដូចជា៖

  • ការផ្សព្វផ្សាយ និងការធ្វើទីផ្សារ៖ រៀបចំ និងគ្រប់គ្រងការធ្វើពិព័រណ៍ពាណិជ្ជកម្ម ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីបង្កើនការយល់ដឹង និងការប្រើប្រាស់ផលិតផលខ្មែរ។
  • ការជំរុញការនាំចេញ៖ ស្រាវជ្រាវ និងរៀបចំយុទ្ធសាស្ត្រថ្មីៗដើម្បីពង្រីកទីផ្សារនាំចេញ សម្រាប់ទំនិញ និងសេវាកម្មសក្តានុពលរបស់កម្ពុជា។
  • ការគាំទ្រផ្នែកព័ត៌មាន៖ ផ្តល់សេវាព័ត៌មានពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយដល់ធុរជន និងវិនិយោគិន ដើម្បីជួយសម្រួលដល់ការសម្រេចចិត្តក្នុងអាជីវកម្ម និងការស្វែងរកដៃគូពាណិជ្ជកម្ម។
  • ការអភិវឌ្ឍសមត្ថភាព៖ សហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរជំនួយបច្ចេកទេស ក្នុងគោលបំណងពង្រឹងខ្សែច្រវាក់តម្លៃផលិតផល និងសមត្ថភាពផលិតរបស់អ្នកផលិតក្នុងស្រុក។
  • ការសម្របសម្រួលពាណិជ្ជកម្ម៖ ដើរតួជាស្ពានចម្លងរវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈម និងការទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា។