mt-search-toggle

website.social-medial

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ

អំពីព្រឹត្តិការណ៍

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ (Khmer Products and Vegetables/Fruits Exhibition) គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយ ដែលផ្តួចផ្តើម និងរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦ មកម៉្លេះ។ ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងដើម្បីលើកស្ទួយវិស័យកសិកម្ម ជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក និងគាំទ្រយុទ្ធនាការជំរុញការប្រើប្រាស់ផលិតផលខ្មែរឱ្យបានកាន់តែទូលំទូលាយ។

ជាទូទៅ ពិព័រណ៍នេះមិនត្រឹមតែជាទីតាំងសម្រាប់ដាក់តាំងបង្ហាញ និងលក់ផលិតផលកសិកម្ម បន្លែ ផ្លែឈើស្រស់ៗ និងផលិតផលកែច្នៃរបស់ខ្មែរជូនដល់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា វេទិកាផ្គូផ្គងពាណិជ្ជកម្ម (Business Matching) ដ៏មានសក្តានុពលផងដែរ។ ព្រឹត្តិការណ៍នេះជួយផ្សារភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងកសិករ សហគមន៍កសិកម្ម អ្នកដាំដុះ និងអ្នកផលិត ជាមួយនឹងអ្នកចែកចាយ ម្ចាស់ផ្សារទំនើប អ្នកកែច្នៃ អ្នកវេចខ្ចប់ និងម្ចាស់អាជីវកម្មផ្សេងៗ។

សាវតា

«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ» គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម។ ចាប់តាំងពីឆ្នាំ២០០៦មក ពិព័រណ៍នេះត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យចំនួន ១៧លើករួចមកហើយ លើកលែងតែក្នុងអំឡុងពេលកូវីដ-១៩ ។ កាលពីឆ្នាំ២០២៤ កន្លងទៅ ព្រឹត្តិការណ៍នេះទទួលបានអ្នកទស្សនាសរុបប្រមាណ ១០,០០០នាក់ និងមានការចូលរួមពីក្រុមហ៊ុន សហគ្រាស ផលិតករ និងអាជីវករចំនួន ១១៣ ព្រមទាំងមានស្តង់សរុបចំនួន ១២៥ស្តង់ ។

គោលបំណង

  • ជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក និងគាំទ្រផលិតផលខ្មែរ ។
  • អភិវឌ្ឍវិស័យឯកជន និងបង្កើតវេទិកាផ្គូផ្គងពាណិជ្ជកម្មរវាងសហគមន៍កសិកម្ម កសិដ្ឋាន អ្នកដាំដុះ ជាមួយនឹងអ្នកចែកចាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្ម ។
  • ពង្រីកទីផ្សារផលិតផលខ្មែរ បន្លែផ្លែឈើស្រស់ ការកែច្នៃ និងការវេចខ្ចប់សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តសៀមរាប បណ្តាខេត្តនានា និងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស ។