mt-search-toggle

website.social-medial

ពិព័រណ៍អមព្រឹត្តិការណ៍បុណ្យសមុទ្រ

អំពីព្រឹត្តិការណ៍

ពិធីបុណ្យសមុទ្រ គឺជាព្រឹត្តិការណ៍ទេសចរណ៍ថ្នាក់ជាតិដ៏ធំប្រចាំឆ្នាំមួយរបស់ប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរការដែលឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតនៅលើពិភពលោក។ ជាទូទៅ ព្រឹត្តិការណ៍នេះត្រូវបានរាជរដ្ឋាភិបាលកំណត់យកចុងសប្តាហ៍ទីមួយនៃខែធ្នូ ដើម្បីប្រារព្ធឡើងដោយផ្លាស់ប្តូរវេនគ្នាតាមបណ្តាខេត្តតំបន់ឆ្នេរទាំងបួន រួមមាន៖ ខេត្តព្រះសីហនុ កែប កោះកុង និងកំពត។ គោលដៅចម្បងនៃពិធីបុណ្យនេះ គឺមិនត្រឹមតែដើម្បីបង្កើតភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីអប់រំ និងបំផុសស្មារតីមហាជនឱ្យចូលរួមការពារធនធានធម្មជាតិសមុទ្រ ថែរក្សាបរិស្ថានឆ្នេរឱ្យបានស្អាត និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។ ជាងនេះទៅទៀត វាគឺជាយុទ្ធនាការដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ឆ្នេរកម្ពុជា ទៅកាន់ឆាកអន្តរជាតិ សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

សាវតា

ពិធីបុណ្យសមុទ្រត្រូវបានរាជរាដ្ឋាភិបាលកម្ពុជា កំណត់យកចុងសប្តាហ៍ទីមួយនៃខែធ្នូរៀងរាល់ឆ្នាំ ដើម្បីរៀបចំធ្វើឡើងតាមបណ្តាខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រ (ព្រះសីហនុ កែប កោះកុង កំពត) ដោយឈរលើគោលការណ៍ផ្លាស់វេនគ្នា បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជាបានចូលជាសមាជិកនៃ ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតនៅលើពិភពលោក

ប្រវត្តិការរៀបចំពិធីបុណ្យសមុទ្រ (២០១១ - បច្ចុប្បន្ន):

  • លើកទី ១ (២០១១): ខេត្តព្រះសីហនុ
  • លើកទី ២ (២០១៣): ខេត្តកែប
  • លើកទី ៣ (២០១៤): ខេត្តកោះកុង
  • លើកទី ៤ (២០១៥): ខេត្តកំពត
  • លើកទី ៥ (២០១៦): ខេត្តព្រះសីហនុ
  • លើកទី ៦ (២០១៧): ខេត្តកែប
  • លើកទី ៧ (២០១៨): ខេត្តកោះកុង
  • លើកទី ៨ (២០១៩): ខេត្តកំពត
  • (២០២០-២០២១: ផ្អាកដោយសារកូវីដ-១៩)
  • លើកទី ៩ (២០២២): ខេត្តព្រះសីហនុ
  • លើកទី ១០ (២០២៣): ខេត្តកែប
  • លើកទី ១១ (២០២៤): ខេត្តកំពត

គោលបំណង

គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាតដើម្បីបម្រើដល់ការអភិវឌ្ឍន៏ទេសចរណ៍ប្រកដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើន។