អំពីពិព័រណ៍អន្តរជាតិ ( Specialize Expo)
ពិព័រណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយការិយាល័យតាំងពិព័រណ៍អន្តរជាតិ (BIE) ថាជា "International Recognised Exhibitions" គឺជាព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិខ្នាតមធ្យម ដែលត្រូវបានរៀបចំឡើងនៅចន្លោះពេលនៃការប្រារព្ធពិព័រណ៍ពិភពលោកខ្នាតធំ (World Expos ទាំងពីរ)។
លក្ខណៈពិសេសនៃពិព័រណ៍ឯកទេសនេះរួមមាន៖
- មូលបទជាក់លាក់៖ ផ្តោតទៅលើប្រធានបទតែមួយគត់ និងជាក់លាក់បំផុត ដើម្បីដោះស្រាយបញ្ហាប្រឈមណាមួយរបស់ពិភពលោក (ឧទាហរណ៍៖ បញ្ហាថាមពលអនាគត ការអភិរក្សមហាសមុទ្រ ឬកីឡានិងតន្ត្រី ជាដើម)។
- រយៈពេល និងទំហំ៖ មានរយៈពេលរៀបចំ ៣ខែ និងមានទំហំផ្ទៃដីតាំងពិព័រណ៍អតិបរមាត្រឹម ២៥ហិកតា ប៉ុណ្ណោះ។
- ការរៀបចំពន្លា៖ ប្រទេសម្ចាស់ផ្ទះគឺជាអ្នកទទួលបន្ទុកសាងសង់អគារតាំងពិព័រណ៍ (Pavilions) ដោយផ្តល់ទំហំទីតាំងណាមួយទៅតាមការស្នើសុំ ហើយប្រទេសចូលរួមត្រូវទទួលបន្ទុកក្នុងការរចនា និងតុបតែងផ្នែកខាងក្នុងដោយខ្លួនឯង។
សាវតា និងការចូលរួមរបស់កម្ពុជា
ការបង្កើតឱ្យមានពិព័រណ៍អន្តរជាតិនេះឡើង គឺដើម្បីផ្តល់ឱកាសដល់បណ្តាប្រទេសនានាអាចផ្តោតការយកចិត្តទុកដាក់លើកិច្ចសន្ទនា និងការស្វែងរកដំណោះស្រាយស៊ីជម្រៅលើប្រធានបទសកល។
សម្រាប់ ព្រះរាជាណាចក្រកម្ពុជា តែងតែបានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ឯកទេសនេះជាបន្តបន្ទាប់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះរបៀបវារៈសកល។ ការចូលរួមដ៏លេចធ្លោរបស់កម្ពុជាកន្លងមកមានដូចជា៖
- Expo 2012 (ទីក្រុងយូស៊ូ កូរ៉េខាងត្បូង)៖ ចូលរួមតាំងពិព័រណ៍ក្រោមប្រធានបទមហាសមុទ្រ និងឆ្នេររស់រវើក (The Living Ocean and Coast) ដោយកម្ពុជាបានបង្ហាញពីសក្តានុពលតំបន់ឆ្នេរសមុទ្ររបស់ខ្លួន។
- EXPO 2027 (ទីក្រុងបែលក្រាដ ប្រទេសស៊ែប៊ី)៖ កម្ពុជានឹងចូលរួមក្រោមប្រធានបទ "លេងដើម្បីអនាគតសន្តិភាព" ដោយទទួលបានលំហរតាំងពិព័រណ៍ទំហំ ១០៤ ម៉ែត្រការ៉េ។
គោលបំណងនៃការចូលរួមរបស់កម្ពុជា
ការសម្រេចចិត្តចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងពិព័រណ៍អន្តរជាតិនីមួយៗ តែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងគោលនយោបាយជាតិ ដោយមានគោលបំណងសំខាន់ៗដូចជា៖
- ការបញ្ជ្រាបគោលនយោបាយតាមប្រធានបទ៖ បង្ហាញពីគោលជំហរ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាសកល ស្របតាមមូលបទរបស់ពិព័រណ៍ (ដូចជាការកាត់បន្ថយការប្រែប្រួលអាកាសធាតុ កំណើនបៃតង ឬការលើកស្ទួយយុវជន និងកីឡា)។
- ការទូតសេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ ផ្សព្វផ្សាយផលិតផលក្នុងស្រុក សក្តានុពលវិនិយោគ និងបង្កើតបណ្តាញទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ ដើម្បីទាក់ទាញវិនិយោគិនបរទេស (FDI)។
- ការលើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌៖ ប្រើប្រាស់វេទិកានេះដើម្បីផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ទៅកាន់អ្នកចូលរួមរាប់លាននាក់។
- ការពង្រឹងកិត្យានុភាពជាតិ៖ បង្ហាញពីមោទនភាពជាតិ ភាពធន់ក្នុងការកសាងប្រទេសពីសង្គ្រាមមកកាន់សន្តិភាពពេញលេញ និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
