អំពីព្រឹត្តិការណ៍
ពិព័រណ៍ចិន-អាស៊ាន (China-ASEAN Expo - CAEXPO) គឺជាព្រឹត្តិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិខ្នាតធំប្រចាំឆ្នាំ ដែលត្រូវបានផ្តួចផ្តើម និងសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មនៃប្រទេសចិន ជាមួយនិងក្រសួងពាណិជ្ជកម្មនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ ព្រមទាំងលេខាធិការដ្ឋានអាស៊ានផងដែរ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០០៤ ហើយតែងតែរៀបចំជាប្រចាំនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ក្នុងទីក្រុងណាននឹង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
សាវតា
ពិព័រណ៍ចិន-អាស៊ាន (CAEXPO) មានប្រវត្តិលេចចេញជារូបរាងឡើង ស្របពេលដែលទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់ផ្តើមមានភាពស្អិតរមួតខ្លាំង។ ខាងក្រោមនេះគឺជាសាវតាសំខាន់ៗនៃព្រឹត្តិការណ៍នេះ៖
- ការផ្តួចផ្តើមដំបូង (ឆ្នាំ២០០៣)៖ គំនិតនៃការបង្កើតព្រឹត្តិការណ៍ពិព័រណ៍នេះ ត្រូវបានស្នើឡើងជាលើកដំបូងដោយ ឯកឧត្តម វ៉ឺន ជាប៉ាវ (Wen Jiabao) អតីតនាយករដ្ឋមន្ត្រីចិន នៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី៧ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្នុងខែតុលា ឆ្នាំ២០០៣។ សំណើនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង និងការឯកភាពពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង១០
- ការប្រារព្ធជាលើកដំបូង (ឆ្នាំ២០០៤)៖ ពិព័រណ៍ចិន-អាស៊ាន លើកទី១ ត្រូវបានប្រារព្ធធ្វើឡើងជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០០៤ នៅទីក្រុងណាននឹង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ ចាប់តាំងពីពេលនោះមក ទីក្រុងណាននឹងបានក្លាយជាទីតាំងអចិន្ត្រៃយ៍ សម្រាប់រៀបចំការតាំងពិព័រណ៍នេះជារៀងរាល់ឆ្នាំ
- កាតាលីករនៃតំបន់ពាណិជ្ជកម្មសេរី (CAFTA)៖ ការបង្កើត CAEXPO គឺមានគោលដៅចម្បងតាំងពីដើមដំបូង ក្នុងការជួយជំរុញ និងពន្លឿនការកសាង តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន (China-ASEAN Free Trade Area - CAFTA)។ ព្រឹត្តិការណ៍នេះបានដើរតួជាស្ពានយ៉ាងសំខាន់ក្នុងការតភ្ជាប់ពាណិជ្ជករ អ្នកវិនិយោគ និងអ្នករៀបចំគោលនយោបាយ ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងនយោបាយថ្នាក់តំបន់ ឱ្យទៅជាសកម្មភាពសេដ្ឋកិច្ចជាក់ស្តែង
- ការវិវត្តខ្លួន និងការរីកចម្រើន៖ ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ ព្រឹត្តិការណ៍នេះបានពង្រីកវិសាលភាពយ៉ាងធំធេង ពីត្រឹមការតាំងពិព័រណ៍ទំនិញទិញលក់ធម្មតា ទៅជាវេទិកាពហុវិស័យពេញលេញ។ បច្ចុប្បន្ន វាគ្របដណ្តប់លើកិច្ចសន្ទនាកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំរដ្ឋាភិបាល សន្និសីទវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ បច្ចេកវិទ្យា និងការជំរុញនវានុវត្តន៍ឌីជីថល។
គោលបំណងរបស់កម្ពុជា
- ផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីវប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរបស់កម្ពុជាលើឆាកអន្តរជាតិ
- ជំរុញបរិយាកាសធុរកិច្ច និងទាញយកកាលានុវត្តភាពថ្មីៗពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០
- បង្កើតបណ្តាញទំនាក់ទំនង និងឱកាសទីផ្សារសម្រាប់អាជីវករ ពាណិជ្ជករ និងវិនិយោគិនកម្ពុជា ជាមួយដៃគូអន្តរជាតិ
- បង្ហាញពីតួនាទីសំខាន់របស់កម្ពុជាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព ។
ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥
នៅទីក្រុងណាននឹង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
១៧ កញ្ញា ២០២៥ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤
មជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
២៤ កញ្ញា ២០២៤
