នាយកដ្នានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍
នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ គឺជាអង្គភាពប្រតិបត្តិដ៏មានសារៈសំខាន់មួយ ដែលមានបេសកកម្មចម្បងក្នុងការលើកស្ទួយវិស័យពាណិជ្ជកម្មកម្ពុជា និងបើកច្រកទីផ្សារជូនផលិតករ អាជីវករ និងធុរជន ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ គោលដៅយុទ្ធសាស្ត្ររបស់នាយកដ្ឋាន គឺការជំរុញនិងបង្កើតឱកាសពាណិជ្ជកម្មថ្មីៗរវាងធុរជនកម្ពុជានិងបរទេស តាមរយៈការរៀបចំ និងការចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនានា។
នាយកដ្ឋាននេះ ដើរតួនាទីជាសេនាធិការស្នូលក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលលើការងារសំខាន់ៗ រួមមាន៖
- ការគ្រប់គ្រងព្រឹត្តិការណ៍និងការតាំងពិព័រណ៍៖ ជាស្ថាប័នផ្តួចផ្តើម និងរៀបចំឱ្យមានការចូលរួមពិព័រណ៍ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស ពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក (World Expo) ព្រមទាំងគ្រប់គ្រង និងចេញលិខិតអនុញ្ញាតសម្រាប់ការរៀបចំពិព័រណ៍ និងការតាំងបង្ហាញផលិតផល។
- ការពង្រីកសក្តានុពលផលិតផលជាតិ៖ នាយកដ្ឋានធ្វើការយ៉ាងជិតស្និទ្ធក្នុងការកៀរគរផលិតករក្នុងស្រុក និងសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរទៅបង្ហាញក្នុង និងក្រៅប្រទេស។
- ការបង្កើតហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម៖ ទទួលបន្ទុកផ្ទាល់ក្នុងការរៀបចំ បង្កើត និងគ្រប់គ្រង "មជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជាតិ" ព្រមទាំង "មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា" ប្រចាំនៅក្រៅប្រទេស ដើម្បីជាទីតាំងយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។
- កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ សម្របសម្រួលការងារជាមួយការិយាល័យពិព័រណ៍អន្តរជាតិ អនុព័ន្ធពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មនៅក្រៅប្រទេស និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។
នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ មានឆន្ទៈក្នុងការពង្រឹង និងពង្រីកព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មទាំងថ្នាក់ជាតិ និងអន្តរជាតិឱ្យបានល្អប្រសើរ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មបង្កើតកាលានុវត្តភាពទីផ្សារឱ្យពាណិជ្ជករកម្ពុជាឈានចូលទីផ្សារក្នុងតំបន់ និងពិភពលោក និងជំរុញផ្សព្វផ្សាយអំពីសក្តានុពលពាណិជ្ជកម្ម។
