ក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានអញ្ជើញទៅបំពេញបេសកកម្មពាណិជ្ជកម្ម និងជួបពិភាក្សាការងារជាបន្តបន្ទាប់នៅខេត្តកូជិ ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ បេសកកម្មនេះមានគោលបំណងយុទ្ធសាស្ត្រក្នុងការស្វែងរកឱកាសពង្រីកទីផ្សារ ជំរុញការនាំចេញកសិផលកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា ព្រមទាំងការអភិវឌ្ឍធនធានមនុស្សរវាងកម្ពុជា និងភាគីជប៉ុន។
១. សមាសភាពគណៈប្រតិភូ និងភាគីចូលរួមពិភាក្សា
បេសកកម្ម និងជំនួបពិភាក្សាការងារនេះ មានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ រួមមាន៖
-
ភាគីរាជរដ្ឋាភិបាលកម្ពុជា៖ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសមាជិកក្រុមការងារជំរុញការនាំចេញ។
-
ភាគីរដ្ឋបាលដែនដី និងស្ថាប័នជប៉ុន៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកូជិ, អភិបាលក្រុង និងថ្នាក់ដឹកនាំសាលាក្រុងណានកូគុ (Nankoku), និងថ្នាក់ដឹកនាំ/តំណាងមជ្ឈមណ្ឌលជំរុញឧស្សាហកម្មកូជិ (Kochi Industrial Promotion Center)។
-
ភាគីវិស័យអប់រំ និងស្រាវជ្រាវ៖ លោកបណ្ឌិត Hiroyuki UKEDA និង លោកបណ្ឌិត Satoshi ISHIZUKA តំណាងសមាជិកនៃសាកលវិទ្យាល័យជាតិកូជិ (Kochi University)។
-
ភាគីវិស័យឯកជន៖ លោក Inoue Takashi អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Inoue Calcium Corporation ព្រមទាំងតំណាងវិស័យឯកជននានាក្នុងតំបន់។
២. សកម្មភាពសំខាន់ៗក្នុងបេសកកម្ម
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចពេញមួយថ្ងៃទី១៩ ខែកុម្ភៈ គណៈប្រតិភូកម្ពុជាបានចូលរួមក្នុងយុទ្ធសាស្ត្រពិភាក្សាការងារសំខាន់ៗជាច្រើន រួមមាន៖
-
ជំនួបជាមួយវិស័យអប់រំ និងឯកជន (ផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស)៖ ពិភាក្សាជាមួយតំណាងសាកលវិទ្យាល័យជាតិកូជិ និងក្រុមហ៊ុន Inoue Calcium Corporation លើលទ្ធភាពបង្កើតកម្មវិធីសិក្សា បណ្តុះបណ្តាលជំនាញ ផ្លាស់ប្តូរនិស្សិត និងការស្រាវជ្រាវរួមគ្នា ដើម្បីពង្រឹងសមត្ថភាពវិស័យកសិកម្ម និងការកែច្នៃកសិផលកម្ពុជា។
-
ជំនួបជាមួយរដ្ឋបាលខេត្តកូជិ និងវិស័យឯកជនក្នុងតំបន់៖ ពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តលើទិសដៅពង្រឹងយន្តការសេដ្ឋកិច្ច ដោយផ្តោតលើឧស្សាហកម្មកែច្នៃអាហារ និងការរៀបចំកម្មវិធីផ្គូផ្គងអាជីវកម្ម (Business Matching) រវាងក្រុមហ៊ុននាំចេញនៃប្រទេសទាំងពីរ។
-
ជំនួបជាមួយមជ្ឈមណ្ឌលជំរុញឧស្សាហកម្មកូជិ៖ ពិភាក្សាលើការនាំចេញ និងចែកចាយផលិតផលកម្ពុជាចូលទៅក្នុងទីផ្សារជប៉ុន ព្រមទាំងការនាំយកបច្ចេកវិទ្យាកសិកម្មទំនើបរបស់ជប៉ុនមកជួយលើកកម្ពស់គុណភាពផលិតផលនៅកម្ពុជា។
-
ជំនួបជាមួយរដ្ឋបាលក្រុងណានកូគុ៖ ជួបពិភាក្សាជាមួយអភិបាលក្រុង និងថ្នាក់ដឹកនាំសាលាក្រុង ដើម្បីជំរុញនិងលើកទឹកចិត្តឱ្យក្រុមហ៊ុននៅក្នុងក្រុងណានកូគុ មកស្វែងរកឱកាសធ្វើធុរកិច្ច និងវិនិយោគលើការកែច្នៃកសិផលនៅកម្ពុជា។
៣. វិស័យនិងប្រធានបទគន្លឹះនៃកិច្ចសហប្រតិបត្តិការ
កិច្ចពិភាក្សាដ៏មានផ្លែផ្កានេះ បានផ្តោតជាសំខាន់លើវិស័យយុទ្ធសាស្ត្រចំនួន ៤៖
-
វិស័យកសិកម្ម និងការកែច្នៃអាហារ៖ ជំរុញការនាំចេញកសិផលកែច្នៃរបស់កម្ពុជា និងការបង្កើតតម្លៃបន្ថែម (Value Added) ដើម្បីឆ្លើយតបនឹងស្តង់ដារទីផ្សារអន្តរជាតិ។
-
បច្ចេកវិទ្យាកសិកម្ម៖ ការផ្ទេរ និងអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបពីជប៉ុន ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។
-
ការអភិវឌ្ឍធនធានមនុស្ស៖ គម្រោងរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើការអភិវឌ្ឍកម្មវិធីសិក្សា និងការស្រាវជ្រាវរួមគ្នារវាងសាកលវិទ្យាល័យជប៉ុន និងកម្ពុជា។
-
ការតភ្ជាប់ធុរកិច្ច (B2B)៖ ជំរុញឱ្យក្រុមហ៊ុនជប៉ុន (ជាពិសេសនៅតំបន់កូជិ និងណានកូគុ) មកវិនិយោគផ្ទាល់នៅកម្ពុជា និងបង្កើនការចែកចាយទំនិញខ្មែរនៅជប៉ុន។
