ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍
មូលបទប្រចាំឆ្នាំ៖ «បញ្ញា និងនវានុវត្តន៍ឌីជីថល ជួយជំរុញការអភិវឌ្ឍ - ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដើម្បីកសាងសហគមន៍ចិន-អាស៊ាន ដែលកាន់តែជិតស្និទ្ធ និងមានអនាគតរួមគ្នា»
១. ពិធីបើកសម្ពោធជាផ្លូវការ
-
ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធពិធីបើកជាផ្លូវការយ៉ាងមហោឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហាន ចឹង (HAN Zheng) អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ានជាច្រើនរូប។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្តល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះប្រកបដោយអត្ថន័យជ្រាលជ្រៅផងដែរ។
២. ការរៀបចំពន្លាជាតិ និងស្តង់ពាណិជ្ជកម្ម
-
ពន្លាជាតិកម្ពុជា ៖ ត្រូវបានរចនា និងសាងសង់ឡើងយ៉ាងប្រណីតលើផ្ទៃដីទំហំ ១៦០ ម៉ែត្រក្រឡា ក្រោមរចនាបថខ្មែរសហសម័យ។ ជាពិសេស គណៈកម្មការបានជ្រើសរើសយក «ខេត្តព្រះសីហនុ» ជាទីក្រុងស្រស់ប្រិមប្រិយ (City of Charm) ដើម្បីរំលេច និងបង្ហាញយ៉ាងលម្អិតពីសក្តានុពលតំបន់ឆ្នេរសមុទ្រ វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា។
-
ស្តង់ពាណិជ្ជកម្ម៖ ទទួលបានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុនកម្ពុជាចំនួន ៥៦ ក្រុមហ៊ុន ដោយបានដាក់តាំងបង្ហាញផលិតផលលើស្តង់សរុបចំនួន ៩៣ ស្តង់។ ផលិតផលសក្តានុពលលេចធ្លោដែលបាននាំយកទៅរួមមាន៖ គ្រាប់ស្វាយចន្ទី អង្ករ ម្រេចកំពត វត្ថុអនុស្សាវរីយ៍ និងការផ្តល់សេវាកម្មវិនិយោគនានា។
៣. វេទិកាអម និងជំនួបធុរកិច្ច
-
គណៈប្រតិភូកម្ពុជាបានរៀបចំដោយជោគជ័យនូវ «វេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍» ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភាគីអន្តរជាតិ ដោយមានអ្នកចូលរួមសរុបចំនួន ៤៤៧ រូប។
-
សម្រេចបាននូវការចុះអនុស្សរណៈយោគយល់គ្នា (MoU) ចំនួន ៥ ឯកសារ រវាងវិស័យឯកជនកម្ពុជា និងដៃគូវិនិយោគចិន ដែលជាជំហានវិជ្ជមានដ៏ធំមួយក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី។
៤. សមិទ្ធផល និងពានរង្វាន់កិត្តិយស
-
ពានរង្វាន់ស្ថាប័ន៖ ជាមោទនភាពជាតិ កម្ពុជាទទួលបានពានរង្វាន់កិត្តិយសចំនួន ៣ គ្រឿង ពីគណៈកម្មការរៀបចំពិព័រណ៍ ដែលទទួលស្គាល់លើភាពឆ្នើមរួមមាន៖ ពានរង្វាន់អ្នករៀបចំការតាំងពិព័រណ៍ឆ្នើម (Best Organizer of Exhibitors), ពានរង្វាន់អ្នករៀបចំឧស្សាហកម្មឆ្នើម (Best Industry Organizer) និងពានរង្វាន់អ្នករៀបចំសកម្មភាពជំរុញពាណិជ្ជកម្មឆ្នើម (Best Organizer of Business Promotional Activities)។
-
ពានរង្វាន់ក្រុមហ៊ុនឆ្នើម៖ សហគ្រាសរបស់កម្ពុជា គឺក្រុមហ៊ុន Champion Group Co., Ltd ទទួលបានការទទួលស្គាល់គុណភាព ដោយឈ្នះ ពានរង្វាន់ប្រាក់ (CAEXPO Silver Award)។
៥. ទស្សនីយភាពសិល្បៈ និងការផ្លាស់ប្តូរវប្បធម៌
-
ដើម្បីញ៉ាំងបរិយាកាសពន្លាជាតិឱ្យកាន់តែរស់រវើក និងទាក់ទាញភ្ញៀវអន្តរជាតិ មានការរៀបចំសម្តែងទស្សនីយភាពរបាំបុរាណ និងប្រពៃណីខ្មែរចំនួន ១០ ប្រភេទ ជាប្រចាំ (ដូចជារបាំជូនពរ របាំនេសាទ និងរបាំគោះត្រឡោក) ដើម្បីផ្សព្វផ្សាយពីអត្តសញ្ញាណ និងមរតកវប្បធម៌ជាតិដ៏ផូរផង់។
