ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតជូន តំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលដឹកនាំដោយលោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan)
|
(អូសាកា, ជប៉ុន) នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ក្នុងឱកាសនៃការចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងកម្មវិធីទិវាជាតិកម្ពុជា នៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ជប៉ុន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតជូន តំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលដឹកនាំដោយលោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) និងសហការីដែលរួមមានតំណាងមកពីក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះដែរ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មផងដែរ។ ជាកិច្ចចាប់ផ្តើម លោក Harada Shigeru បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ព្រមទាំងជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រុមហ៊ុន ដំណើរការអាជីវកម្មនិងផែនការសកម្មភាពរបស់ខ្លួននៅកម្ពុជាផងដែរ។ លោកក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រនិងសម្របសម្រួលដល់ក្រុមហ៊ុនសម្រាប់ដំណើរការវិនិយោគនិងធុរកិច្ចរបស់ខ្លួននៅកម្ពុជា។ លោកបានជម្រាបជូនផងដែរថា បន្ទាប់ពីរយៈពេលមួយឆ្នាំ នៃការសម្ពោធជាផ្លូវការនូវរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុនបានផ្គុំដំឡើងរថយន្ត Hilux (Pick up) និង Forturner (SUV) ប្រមាណជិត២០០០គ្រឿង និងក្រុមហ៊ុនបានបង្កើតឱកាសការងារជាច្រើនកន្លែង។ លោកបានជម្រាបបន្ថែមផងដែរថា ក្រុមហ៊ុនគ្រោងនឹងដាក់ដំណើរការ Toyota Academy ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងគោលដៅជំរុញការអភិវឌ្ឍធនធានមនុស្ស និងជំនាញក្នុងវិស័យមេកានិក និងយានយន្ត។ ជាកិច្ចឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការចូលរួមសំខាន់របស់ក្រុមហ៊ុន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគ បង្កើតឱកាសការងារ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនយកចិត្តទុកដាក់បន្ថែម លើសេវាកម្មក្រោយពេលទិញ (After Sale – Care Service) ដើម្បីបន្តជំរុញការប្រើប្រាស់យានយន្តរបស់ក្រុមហ៊ុន Toyota ប្រកបដោយទំនុកចិត្ត និងកក់ក្តៅ ព្រមទាំងជំរុញឱ្យក្រុមហ៊ុនបន្តពង្រីកអាជីវកម្ម និងការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ជាពិសេស ពិចារណាលើការនាំយករថយន្ត EV ដើម្បីបង្កើនការចាប់យកឱកាសទីផ្សារ ជាពិសេសសម្រាប់ស្រទាប់យុវវ័យ និងបញ្ជាក់ជាថ្មីក្នុងការបន្តគាំទ្រ និងសម្របសម្រួលរបស់រាជរដ្ឋាភិបាល ក្នុងការវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។ |
