លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានអញ្ជើញមកទស្សនាពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន
(អូសាកា, ជប៉ុន)៖ នាថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារប្រចាំការនៅពន្លាជាតិកម្ពុជា បានសម្របសម្រួល និងទទួលស្វាគមន៍គណៈប្រតិភូហ្វ្រង់កូហ្វូនី ដែលដឹកនាំដោយ លេាកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដោយក្នុងនោះដែរក៏មានការចូលពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការ និង ឯកឧត្តម ទុយ រី អគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនផងដែរ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ទស្សនាពន្លាជាតិកម្ពុជា ក្នុងគោលបំណងដើម្បីស្វែងយល់អំពីវប្បធម៌ អរិយធម៌ សក្តានុពលសេដ្ឋកិច្ច-ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរបស់ប្រទេសកម្ពុជា។ លើសពីនេះ ដំណើរទស្សនៈកិច្ចរបស់លោកជំទាវអគ្គលេខាធិការ បានពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសកម្ពុជា ជាមួយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីផងដែរ។
សូមបញ្ជាក់ថា ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ជប៉ុន ប្រព្រឹត្តទៅរយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដែលបច្ចុប្បន្នពន្លាជាតិបានទទួលភ្ញៀវជាតិ-ភ្ញៀវអន្តរជាតិចូលទស្សនាប្រមាណ ៨០០,០០០នាក់ ហើយ។
