គោលការណ៍ស្ដីពីឯកជនភាព និងការការពារទិន្នន័យសម្រាប់សេវាកម្ម EAAS
គោលការណ៍ស្ដីពីឯកជនភាពនេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាម ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាដល់តម្លាភាព និងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ដោយការចុះឈ្មោះ ឬបន្តប្រើប្រាស់សេវាកម្មរបស់ EAAS លោកអ្នកត្រូវបានចាត់ទុកថាបានអាន យល់ព្រមដោយស្ម័គ្រចិត្ត និងទទួលយកនូវលក្ខខណ្ឌដូចមានចែងខាងក្រោម៖
១. ប្រភេទនៃទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានប្រមូល
EAAS ធ្វើការប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយស្របច្បាប់ សុចរិត និងមានការយល់ព្រមជាមុន។ ទិន្នន័យទាំងនោះរួមមានជាអាទិ៍៖ ឈ្មោះ អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ ព័ត៌មានអាជីវកម្ម ឬស្ថាប័ន និងទិន្នន័យពាក់ព័ន្ធផ្សេងៗទៀតដែលលោកអ្នកបានផ្តល់មកឱ្យយើងខ្ញុំដោយស្ម័គ្រចិត្ត តាមរយៈការបំពេញទម្រង់ចុះឈ្មោះ ឬទំនាក់ទំនងនានា។
២. គោលបំណងនៃការប្រើប្រាស់ទិន្នន័យ
រាល់ទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានប្រមូល នឹងត្រូវយកទៅប្រើប្រាស់តែក្នុងគោលបំណងដែលបានកំណត់ និងប្រកបដោយតម្លាភាព រួមមាន៖
- ការចុះឈ្មោះ បង្កើតគណនី និងផ្តល់សេវាកម្មជូនលោកអ្នក
- ការទំនាក់ទំនង ការផ្តល់ព័ត៌មាន និងការឆ្លើយតបសំណួរឬបណ្តឹង
- ការកែលម្អគុណភាពសេវាកម្ម និងបទពិសោធន៍របស់អ្នកប្រើប្រាស់
- ការផ្ញើព័ត៌មានផ្សព្វផ្សាយពាណិជ្ជកម្ម (លុះត្រាតែមានការយល់ព្រមជាមុនពីលោកអ្នកស្របតាមច្បាប់ជាធរមានតាមរយៈការចូលរួមពិព័រណ៍ ឬសកម្មភាពផ្សេង)។
៣. ការការពារ និងសុវត្ថិភាពទិន្នន័យ
ស្របតាមច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក EAAS មានកាតព្វកិច្ចចាត់វិធានការបច្ចេកទេស និងរដ្ឋបាលឱ្យបានសមស្រប ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ យើងខ្ញុំធានាការពារទិន្នន័យទាំងនេះពីការចូលប្រើប្រាស់ ការទាញយក ការកែប្រែ ការបាត់បង់ ឬការបំផ្លាញចោលដោយគ្មានការអនុញ្ញាត ឬដោយខុសច្បាប់។
៤. ការចែករំលែកទិន្នន័យទៅតតិយជន (ភាគីទី៣)
ជាគោលការណ៍ EAAS មិនលក់ មិនជួល ឬមិនចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់តតិយជនណាមួយឡើយ ក្នុងគោលបំណងអាជីវកម្មរបស់ពួកគេ។ ការចែករំលែកអាចធ្វើទៅបានលុះត្រាតែ៖
- មានការយល់ព្រមជាលាយលក្ខណ៍អក្សរ ឬតាមប្រព័ន្ធអេឡិចត្រូនិកពីលោកអ្នក(តាមរយៈការចូលរួមតាំងពិព័រណ៍)
- ជាការចាំបាច់បំផុតដើម្បីបម្រើដល់ប្រតិបត្តិការនៃការផ្តល់សេវា (ឧទាហរណ៍៖ ក្រុមហ៊ុនទូទាត់ប្រាក់)
- ជាកាតព្វកិច្ចតម្រូវដោយច្បាប់ ឬមានដីកា/ការស្នើសុំជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
៥. សិទ្ធិរបស់អ្នកប្រើប្រាស់
ក្នុងនាមជាម្ចាស់ទិន្នន័យ លោកអ្នកមានសិទ្ធិពេញលេញតាមច្បាប់ក្នុងការ៖
- ស្នើសុំចូលមើល និងទាមទារច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដែលយើងខ្ញុំកំពុងរក្សាទុក
- ស្នើសុំធ្វើការកែតម្រូវ ឬធ្វើបច្ចុប្បន្នភាពទិន្នន័យដែលមិនត្រឹមត្រូវ
- ស្នើសុំលុបចោល ឬផ្អាកការប្រើប្រាស់ទិន្នន័យរបស់លោកអ្នក (ក្នុងករណីដែលទិន្នន័យនោះលែងមានភាពចាំបាច់សម្រាប់គោលបំណងនៃការប្រមូល)
- ដកសិទ្ធិយល់ព្រម (Withdraw Consent) ក្នុងការទទួលសារផ្សព្វផ្សាយពាណិជ្ជកម្មនៅគ្រប់ពេលវេលា។
៦. រយៈពេលនៃការរក្សាទុកទិន្នន័យ
EAAS នឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងរយៈពេលត្រឹមតែចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងដូចមានចែងក្នុងគោលការណ៍នេះ ឬក្នុងរយៈពេលដែលតម្រូវដោយច្បាប់ពន្ធដារ ច្បាប់គណនេយ្យ ឬច្បាប់ពាក់ព័ន្ធដទៃទៀតនៃកម្ពុជា។ ក្រោយផុតកំណត់រយៈពេលនេះ ទិន្នន័យរបស់លោកអ្នកនឹងត្រូវលុបចោល ឬធ្វើឱ្យលែងអាចកំណត់អត្តសញ្ញាណបានដោយសុវត្ថិភាព។
៧. ការកែប្រែ និងការធ្វើបច្ចុប្បន្នភាពគោលការណ៍
EAAS រក្សាសិទ្ធិក្នុងការវិសោធនកម្ម ឬកែប្រែគោលការណ៍ស្ដីពីឯកជនភាពនេះ ស្របតាមការវិវត្តនៃច្បាប់ និងប្រតិបត្តិការអាជីវកម្ម។ រាល់ការកែប្រែធំដុំ នឹងត្រូវបានជូនដំណឹងដល់លោកអ្នកជាមុនតាមរយៈគេហទំព័រ ឬអ៊ីមែល។ ការបន្តប្រើប្រាស់សេវាកម្មបន្ទាប់ពីការកែប្រែ មានន័យថាលោកអ្នកយល់ព្រមទទួលយកនូវគោលការណ៍ថ្មីនេះ។
៨. យុត្តាធិការ និងច្បាប់គ្រប់គ្រង
រាល់វិវាទនានាដែលកើតចេញពីការអនុវត្តគោលការណ៍ឯកជនភាពនេះ ត្រូវស្ថិតនៅក្រោមយុត្តាធិការ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
៩. ព័ត៌មានទំនាក់ទំនង
ក្នុងករណីលោកអ្នកមានចម្ងល់ សំណូមពរ បណ្តឹងពាក់ព័ន្ធនឹងសិទ្ធិឯកជនភាព ឬចង់អនុវត្តសិទ្ធិទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួន សូមទំនាក់ទំនងមកកាន់ EAAS តាមរយៈមធ្យោបាយទំនាក់ទំនងដែលមានបង្ហាញនៅលើគេហទំព័រផ្លូវការរបស់យើងខ្ញុំ។
