ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងជំនួបពាណិជ្ជកម្ម “កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី” ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥
(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបពាណិជ្ជកម្មស្តីពី “កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី” ដែលជាព្រឹត្តិការណ៍អមក្នុងអំឡុងនៃព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៥។
ជំនួបពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងជំរុញការលក់និងប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ, ស្វែងយល់អំពីការអភិវឌ្ឍផលិតផលរបស់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម និង ផ្តល់ឱកាសសម្រាប់ផ្សារភ្ជាប់បណ្តាញទំនាក់ទំនងរវាងអ្នកផលិត អ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញ។
នៅក្នុងជំនួបពាណិជ្ជកម្មខាងលើនេះដែរ ក៏មានការចែករំលែកបទពិសោធពីវាគ្មិនជំនាញៗពីក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនកម្ពុជាជាច្រើនរូប ដោយផ្តោតទៅលើការអភិវឌ្ឍផលិតផលសក្តានុពលខ្មែរ អមដោយការតាំងបង្ហាញផលិតផលកម្ពុជាជាច្រើនមុខ រួមមាន៖ អង្ករ ស្វាយចន្ទី ម្រេច ស្វាយ ចេកអំបូងលឿង មៀនប៉ៃលិន ដំឡូងមី ទឹកឃ្មុំ អំបិល ដូង និងផលិតផលចម្រុះជាច្រើនមុខ ផងដែរ៕
