ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាស្តីពី «បរិបទថ្មីនៃការប្រើប្រាស់ផលិតផលជាតិប្រកបដោយចីរភាព» នៅខេត្តសៀមរាប
(សៀមរាប)៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «បរិបទថ្មីនៃការប្រើប្រាស់ផលិតផលជាតិប្រកបដោយចីរភាព» ក្នុងឱកាសនៃព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរពាណិជ្ជកម្ម និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងផលិតករ អាជីវករ សមាគម សិប្បកម្ម សហគ្រាស ក្រុមហ៊ុនជាច្រើនរូប។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ គឺ ទី១-ផ្តល់ព័ត៌មានទីផ្សារ និងស្វែងយល់អំពីសក្តានុពលផលិតផលបន្លែផ្លែឈើក្នុងខេត្តសៀមរាប, ទី២-លើកកម្ពស់ការប្រើប្រាស់ម៉ាកសញ្ញាផលិតផលជាតិ, ទី៣-ជំរុញការចុះបញ្ជីផលិតផល និងអភិវឌ្ឍផលិតផលស្របតាមតម្រូវការទីផ្សារ, និង ទី៤-ស្វែងយល់អំពីបែបបទនៃនាំយកផលិតផលខ្មែរចូលផ្សារទំនើប។ ទន្ទឹមនឹងនេះ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនចំនួន ៥រូប ដែលជាតំណាងមកពី ក្រសួងពាណិជ្ជកម្ម, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ផ្សារទំនើបខេត្តសៀមរាប, និងសហគមន៍កសិកម្មក្នុងខេត្តសៀមរាប ធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មានទីផ្សារថ្មីៗ ដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលានាឱកាសនេះផងដែរ។
ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្មលើការពង្រឹង ជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុក តាមរយៈការរៀបចំយុទ្ធសាស្ត្រជំរុញការប្រើប្រាស់ផលិតផលកម្ពុជា ស្របតាមស្មារតីមនោសញ្ចេតនាជាតិនិយមរបស់ប្រជាជនកម្ពុជានាពេលនេះ។ ជាក់ស្តែង ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តយកចិត្តទុកដាក់លើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពឱ្យបានកាន់ តែ ច្រើនថែមទៀត សំដៅលើកស្ទួយគុណភាព និងម៉ាករបស់ផលិតផលកម្ពុជា #MadeInCambodia ឱ្យកាន់តែមានការទទួលស្គាល់ខ្ពស់នៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំនិងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ ដូចជា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo) ដែលរៀបចំជារៀងរាល់ឆ្នាំ, ពិព័រណ៍ផលិតផលខ្មែររៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា, ការរៀបចំផ្សារផលិតផលខ្មែរជារៀងរាល់ចុងសប្តាហ៍ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាត តូច របស់ក្រសួងពាណិជ្ជកម្ម, និងថ្មីៗនេះ ក្រសួងបានរៀបចំនូវយុទ្ធនាការផលិតផលជាតិ ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ដើម្បីបង្ហាញពី ការស្រឡាញ់ចំពោះកសិករខ្មែរ និងផលិតករខ្មែរ ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យផលិតករ អាជីវករ និងពាណិជ្ជករក្នុងស្រុកពង្រឹង និងពង្រីកផលិតកម្ម ដើម្បីចាប់យកឱកាសទីផ្សារ ខណៈពេលដែលផលិតផលជាតិកំពុងទទួលបានសន្ទុះកើនឡើងនូវការគាំទ្រ និងប្រើប្រាស់ពីសំណាក់ប្រជាជនកម្ពុជា និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តស្មារតីជួយគាំទ្រនេះឱ្យកាន់តែខ្លាំងក្លា និងចីរភាព៕
