ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី “ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” សម្រាប់ព្រឹត្តិការណ៍អមពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅទីរួមខេត្តសៀមរាប
(សៀមរាប)៖ នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលាស្តីពី “ការជំរុញ និងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ាបណ្ឌិតប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប និងឧត្តរមានជ័យ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោកប្រធាននាយកដ្ឋាន មន្រ្តីមន្ទីរពាណិជ្ជកម្ម តំណាងមន្ទីរនិងអង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្ត តំណាងធនាគារពាណិជ្ជ ក្រុមហ៊ុន សិប្បកម្ម កសិករ ពាណិជ្ជករ អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី និងម្រេច ជាច្រើនរូប។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកពង្រឹងសមត្ថភាពក្នុងខ្សែច្រវាក់ផលិតកម្មនិងកេរ្តិ៍ឈ្មោះស្វាយចន្ទី និងម្រេចកម្ពុជា ឱ្យមានការទទួលស្គាល់ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយពីកាលានុវត្តភាពទីផ្សារដល់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកកែច្នៃ និងអ្នកនាំចេញ។
បន្ថែមពីនេះ សិក្ខាសាលានេះ ក៏ជាវេទិកាសម្រាប់ផ្សព្វផ្សាយការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី និងដំណើរការរៀបចំគោលនយោបាយម្រេចកម្ពុជា និងចែករំលែកបទពិសោធន៍ជោគជ័យក្នុងការកែច្នៃ ការសិក្សាពីបញ្ហាប្រឈម ដំណោះស្រាយ និងអនុសាសន៍ពាក់ព័ន្ធសំដៅជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី និងម្រេចកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយភាពប្រកួតប្រជែង និងមាននិរន្តរភាព ផងដែរ៕
