ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ
(ក្រចេះ)៖ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណមាត់ទន្លេ ក្រុងក្រចេះ ខេត្តក្រចេះ ឯកឧត្ដម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីសម្ពោធព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត មន្ដ្រីរាជរដ្ឋាភិបាល មន្ដ្រីទូត ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងមហាជនច្រើនកុះករ។
ព្រឹត្តិការណ៍បុណ្យទន្លេនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ បង្ហាញសក្តានុពលធនធានធម្មជាតិ និងវប្បធម៌របស់តំបន់ជាប់ដងទន្លេ ជាពិសេសខេត្តក្រចេះ ព្រមទាំងជួយជំរុញសេដ្ឋកិច្ចរបស់ខេត្ត និងប្រជាពលរដ្ឋនៅមូលដ្ឋាន ផងដែរ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បានចូលរួមរៀបចំស្តង់ដាក់តាំងបង្ហាញសមិទ្ធផលការងារវិស័យពាណិជ្ជកម្ម និងផលិតផលកម្ពុជា ជាពិសេសទំនិញសម្គាល់ភូមិសាស្រ្ត ទំនិញបង្កើតឡើងថ្មីៗ និងទំនិញដែលមានសក្តានុពលនាំចេញជាដើម ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិទស្សនា និងស្វែងយល់ផងដែរ៕
