ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផ្តល់ព័ត៌មានលម្អិតពីការរៀបចំពិព័រណ៍ នីតិវិធី និងលក្ខខណ្ឌតម្រូវនានា ក្នុងការចូលរួមព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ ឆ្នាំ២០២៥ (The 18th Cambodia Trade Expo-CTExpo)
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផ្តល់ព័ត៌មានលម្អិតពីការរៀបចំពិព័រណ៍ នីតិវិធី និងលក្ខខណ្ឌតម្រូវនានា ក្នុងការចូលរួមព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ ឆ្នាំ២០២៥ (The 18th Cambodia Trade Expo-CTExpo) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកនិងលោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងនាយកដ្ឋានកិច្ចការពិព័រណ៍ ព្រមទាំងតំណាងសមាគម ក្រុមហ៊ុន អាជីវករ និងសហគ្រាស ជាច្រើនរូប។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្ត ពីថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិងវិនិយោគ និងតួនាទីរបស់វិស័យឯកជន ជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។
លើសពីនេះ ក្នុងពិព័ណ៌នេះ នឹងមានរៀបចំការដាក់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលសក្តានុពលរបស់កម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញ ទំនិញនាំចេញ-នាំចូលដែលមានគុណភាពខ្ពស់ និងសេវាកម្ម របស់បណ្ដាអ្នកផ្គត់ផ្គង់កម្ពុជា និងបណ្ដាប្រទេសនានា ជាពិសេស មានការរៀបចំស្តង់/បញ្ជរសេវាសាធារណៈនានារបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ក៏នឹងមានរៀបចំកម្មវិធីអមមួយចំនួន រួមមាន៖ វេទិកាធុរកិច្ច ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញ និងការប្រគំតន្រ្តីជាដើម។
ជាការកត់សម្គាល់គឺ វិស័យឯកជន មានភាពរីករាយ និងសុទិដ្ឋិនិយមខ្ពស់ចំពោះការចូលរួម«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ ឆ្នាំ២០២៥ ជាមួយក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ ភ្ញៀវជាតិ-អន្តរជាតិ លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើឱ្យបានកុះករ និងចាប់យកឱកាសដ៏សំខាន់នេះ ក្នុងការពង្រឹង និងពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ៕
