ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “CAEXPO Global Roadshow” លើកទី២២ នៅសណ្ឋាគារ Oakwood Premier រាជធានីភ្នំពេញ
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “CAEXPO Global Roadshow” លើកទី២២ នៅសណ្ឋាគារ Oakwood Premier រាជធានីភ្នំពេញ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សួន សុផល អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ប្រតិភូលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ព្រមទាំងតំណាងរបស់សមាគម សហព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន អាជីរករ និងសហគ្រាសជាច្រើនផងដែរ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រីកការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយបន្ថែមទៀត និងផ្សព្វផ្សាយឱ្យដល់គោលដៅអំពីព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២២ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីកៀរគរការចូលរួមពីវិស័យឯកជនកម្ពុជាឱ្យបានច្រើនកុះករក្នុងការនាំយកផលិតផលស្តង់ដារ និងមានគុណភាពខ្ពស់របស់ពួកគេមកតាំងបង្ហាញ និងលក់ ក៏ដូចជាចាប់យកឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីៗនៅក្នុងពិព័រណ៍អន្តរជាតិដ៏ធំនេះ។
ក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ គូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់របស់ពិព័រណ៍ចិន-អាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងវិនិយោគ រវាងកម្ពុជានិងចិន រវាងអាស៊ាននិងចិន និងរវាងប្រទេសជាសមាជិកអាស៊ាន និងជាច្រកផ្លូវសម្រាប់ ក្រុមហ៊ុន និងសហគ្រាសកម្ពុជាក្នុងការបង្ហាញផលិតផលដែលត្រៀមរួចជាស្រេចក្នុងការនាំចេញ ទាក់ទាញអ្នកទិញ និងអ្នកវិនិយោគដែលមានសក្តានុពល និងពង្រឹងការចូលរួមរបស់ពួកគេនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក។
