ឯកឧត្ដម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេស និងតំណាងក្រុមហ៊ុនកម្ពុជា ចូលរួមក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ (International Food & Drink Event - IFE London 2026)
(ឡុងដ៍, អង់គ្លេស)៖ នាថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ ExCeL London ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ឯកឧត្ដម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេស និងតំណាងក្រុមហ៊ុនកម្ពុជា ចូលរួមក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ (International Food & Drink Event - IFE London 2026)។
ក្នុងពិធីបើកដំណើរការស្តង់ផលិតផលកម្ពុជា ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់សហគ្រាសកម្ពុជា ក្នុងការនាំចេញផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ មកកាន់ទីផ្សារចក្រភពអង់គ្លេស និងអឺរ៉ុប។
ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ (IFE) គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតមួយនៅចក្រភពអង់គ្លេស ដែលត្រូវបានរៀបចំឡើងក្រោមមូលបទ “Feeding the Future”។ ក្នុងឆ្នាំនេះ ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម និងកម្មវិធី United Kingdom Trade Partnerships Programme (UKTP) ដែលទទួលបានហិរញ្ញប្បទានពី Foreign, Commonwealth & Development Office (FCDO) តាមរយៈកម្មវិធីនេះ International Trade Centre – ITC ក្រុមហ៊ុនសក្ដានុពលកម្ពុជាចំនួន ០៣ រួមមាន៖ ១. ក្រុមហ៊ុន AMRU Rice (Cambodia) Co., Ltd, ២. ក្រុមហ៊ុន MISOTA Food និង ៣. ក្រុមហ៊ុន Handcrafted Cashew Nuts Stung Treng (HCST) បានដាក់តាំងបង្ហាញផលិតផលក្នុងស្តង់រួមពហុជាតិសាសន៍ (Multinational Stand) រួមជាមួយក្រុមហ៊ុនសរុបចំនួន ២០ មកពី ៧ ប្រទេសផ្សេងៗគ្នា។
ក្នុងឱកាសនោះ ឯកឧត្ដមអគ្គនាយក បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបង្ហាញវត្តមានផលិតផលកម្ពុជាលើទីផ្សារអន្តរជាតិ ជាពិសេសផលិតផលដែលមានគុណភាពខ្ពស់ និងមានស្តង់ដាអន្តរជាតិ។ ពិព័រណ៍នេះបានផ្តល់ឱកាសឱ្យក្រុមហ៊ុនកម្ពុជា ក្នុងការសិក្សាអំពីនិន្នាការទីផ្សារ ក៏ដូចជាជួបពិភាក្សាការងារជាមួយអ្នកបញ្ជាទិញសក្ដានុពល ក្នុងចំណោម Trade Visitor ប្រមាណ ២៥,០០០ នាក់ មកពីជាង ៩០ ប្រទេស។
សូមបញ្ជាក់ជូនផងដែរថា ការចូលរួមក្នុងពិព័រណ៍កម្រិតពិភពលោកនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ ធ្វើពិពិធកម្មទីផ្សារនាំចេញថ្មីៗ និងជំរុញការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជាទៅកាន់ទីផ្សារសកលលោកឱ្យកាន់តែទូលំទូលាយ៕
