ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២២
(ណាននីង ក្វាងស៊ី ចិន)៖ នាព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២២ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅ Zone D នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបជូនផងដែរថា ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមមូលបទ “បញ្ញា និងនវានុវត្តន៍ឌីជីថលជួយជំរុញការអភិវឌ្ឍ ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ៣.០ ដើម្បីកសាងសហគមន៍ចិន-អាស៊ាន ដែលកាន់តែជិតស្និទ្ធ និងមានអនាគតរួម”។
ក្នុងឱកាសនេះ ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការអន្តរក្រសួងរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានសម្របសម្រួល និងរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មចំនួន ៩៣ស្តង់ មានក្រុមហ៊ុន សហគ្រាស និងសមាគមចូលរួមសរុបចំនួន ៥៦ ដោយបានបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជា ផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម វាយនភ័ណ្ឌ សូត្រ គ្រឿងអលង្ការ និងសេវាកម្មវិនិយោគនិងទេសចរណ៍។ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំផ្ទះរួម (Common House) ដើម្បីតាំងបង្ហាញផលិតផលពាក់ម៉ាក់សម្គាល់ភូមិសាស្ត្រ និងផលិតផលសក្តានុពលរបស់កម្ពុជាផងដែរ។
