វត្តមានលេចធ្លោរបស់កម្ពុជានៅពិព័រណ៍ ANUGA 2025 បន្តពង្រឹងកិត្យានុភាពកម្ពុជាជាប្រភពនៃផលិតផលគុណភាពខ្ពស់សម្រាប់ទីផ្សារសកល
(ខឹឡូញ, អាល្លឺម៉ង់)៖ នាថ្ងៃទី៤-៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំប្រតិភូកម្ពុជាចូលរួមដោយជោគជ័យនៅក្នុងពិព័រណ៍ ANUGA 2025 ដែលជាពិព័រណ៍ពាណិជ្ជកម្មចំណីអាហារ និងភេសជ្ជៈដ៏ធំមួយក្នុងពិភពលោក។ បេសកកម្មដ៏មានសារៈសំខាន់មួយនេះ ជាកិច្ចសហការរវាងក្រុមការងារជំរុញការនាំចេញ របស់ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានបញ្ចប់ដោយជោគជ័យនិងក្លាយជាសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ក្នុងនាមជាប្រភពដ៏គួរឱ្យទុកចិត្ត នៃផលិតផលកសិកម្ម និងចំណីអាហារដែលមានគុណភាពលំដាប់ខ្ពស់។
ក្រោមមូលបទ "CAMBODIA: Basket of Wonders" ពន្លាជាតិកម្ពុជានៅពិព័រណ៍ ANUGA 2025 បានដាក់តាំងបង្ហាញផលិតផលលំដាប់ខ្ពស់ និងសម្បូរបែបពីក្រុមហ៊ុនដែលមានសក្ដានុពលក្នុងការនាំចេញចំនួន ៨ និងដាក់តាំងបង្ហាញផលិតផលរួមមាន គ្រាប់ស្វាយចន្ទី ម្រេចកំពត ផ្លែឈើសម្ងួត និងស្ករត្នោត។ ពន្លាជាតិកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ដ៏ផុសផុលពីអ្នកទិញ និងភ្ញៀវអន្តរជាតិ (Trade Visitor) មកពីបណ្តាប្រទេសអឺរ៉ុប និងប្រទេសដទៃទៀត ដែលបានកោតសរសើរចំពោះ គុណភាព និងភាពលេចធ្លោនៃផលិតផល ក៏ដូចជាលទ្ធភាពនៃការតាមដានប្រភពដើម (Traceability) នៃផលិតផលកម្ពុជា។
ក្នុងរយៈពេលប្រាំថ្ងៃនៃពិព័រណ៍នេះ សហគ្រាសកម្ពុជាបានរាយការណ៍ពីការផ្សាភ្ជាប់ប្រកបដោយផ្លែផ្កា ជាមួយដៃគូអាជីវកម្មដែលមានសក្តានុពល និងកិច្ចសហការពាណិជ្ជកម្ម ដែលនឹងក្លាយជាការត្រួសត្រាយផ្លូវឈានទៅរកភាពជាដៃគូនាំចេញ និងកិច្ចសហការរយៈពេលវែងជាមួយអ្នកចែកចាយសកល។
ដោយផ្អែកលើភាពជោគជ័យនៃពិព័រណ៍ ANUGA 2025 នេះ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តយ៉ាងមុតមាំជាថ្មីក្នុងការបន្តជំរុញពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ ក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុមការងារជំរុញការនាំចេញ នឹងបន្តដឹកនាំការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មពាណិជ្ជកម្មសកលឈានមុខគេ ដែលមានពិព័រណ៍ SIAL Paris ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦ខាងមុខនេះ។
ការចូលរួមជាបន្តបន្ទាប់នៅក្នុងពិព័រណ៍អន្តរជាតិ និងបេសកកម្មពាណិជ្ជកម្មលំដាប់ពិភពលោកទាំងនេះ មានសារៈសំខាន់ខ្លាំងក្នុងការពង្រឹង និងពង្រីកទីផ្សារនាំចេញរបស់កម្ពុជា ក៏ដូចជាកសាងភាពលេចធ្លោនៃកិត្តិនាមផលិតផលកម្ពុជា និងលើកកម្ពស់ការទទួលស្គាល់ "ផលិតផលកម្ពុជា" នៅលើឆាកអន្តរជាតិ។ ក្រុមការងារជំរុញការនាំចេញ ក្រោមក្រសួងពាណិជ្ជកម្ម បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រសហគ្រាសកម្ពុជា តាមរយៈបេសកកម្មពាណិជ្ជកម្មយុទ្ធសាស្ត្រ ការផ្គូផ្គងដៃគូអន្តរជាតិ និងគំនិតផ្តួចផ្តើមក្នុងការសម្រួលលទ្ធភាពទទួលបានទីផ្សារ — ដោយពង្រឹងតួនាទីស្នូលរបស់ខ្លួនក្នុងនាមជាស្ពានតភ្ជាប់ រវាងអ្នកផលិតកម្ពុជា និងអ្នកទិញសកល។
