ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុ្ងងព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025)» នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
(ឌីលី, ទីម័រឡេស្តេ)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025)» ក្រោមអធិបតីភាព ឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូត ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន មកពីប្រទេសអូស្រ្តាលី ប៊្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា សិង្ហបុរី ឥណ្ឌា ហ្វីជី ទីក្រុងម៉ាកាវប្រទេសចិន និងព័រទុយហ្គាល់ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូប។
តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងកម្មវិធីពិព័រណ៍នេះ ដោយបាននាំយកផលិតផលផលសក្តានុពលរបស់កម្ពុជា ផលិតផលពាក់ម៉ាកសម្គាល់ភូមសាស្រ្ត និងផលិតផលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញមកដាក់តាំងបង្ហាញ រួមមាន៖ អង្ករសែនក្រអូប គ្រាប់ស្វាយចន្ទីគ្រប់រសជាតិ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ អំបិលកំពត-កែប ទឹកឃ្មុំមណ្ឌលគិរី ដំណាប់ផ្លែឈើគ្រប់មុខ មី កាហ្វេ សូត្រ កាបូបកែច្នៃពីសូត្រ ក្រមា កាបូបកែច្នៃពីកំប្លោក-អំបោះ ចម្លាក់ប្រាក់-ស្ពាន់ វត្ថុអនុស្សាវរីយ៍ និងឯកសារផ្សព្វផ្សាយពីកាលានុវត្តភាពធុរកិច្ច ទេសចរណ៍ និងវិនិយោគ ជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកាត់ខ្សែបូរសម្ពោធពិព័រណ៍ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រឡេស្តេ និងបានទទួលបដិសណ្ឋារកិច្ច ឯកឧត្តមនាយករដ្ឋមន្ត្រី និងភ្ញៀវកិត្តិយសជាន់ខ្ពស់ទាំងថ្នាក់រដ្ឋមន្ត្រី អង្គទូត និងភ្ញៀវអន្តរជាតិផ្សេងៗទៀត នៅទីតាំងស្តង់របស់ក្រសួងពាណិជ្ជកម្ម ដោយបានជម្រាបជូនអំពីផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសផលិតផលម៉ាកសម្គាល់ភូមិសាស្រ្ត ដើម្បីឱ្យអ្នកទស្សនាទាំងអស់បានស្វែងយល់បន្ថែមអំពីកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅកម្ពុជា។
សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជាព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិលើកទី១ ក្រោមមូលបទ “Make It Brand It” ដែលមានស្តង់ចូលរួម ២០០ស្តង់ ក្នុងគោលបំណងបង្កើតជាវេទិកាមួយដែលអនុញ្ញាតឱ្យបណ្តាប្រទេសនានា ធុរជន សហគ្រាសធុនតូចនិងមធ្យម អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តររដ្ឋាភិបាល បានមកជួបជុំគ្នា ដើម្បីបង្ហាញជូននូវសមិទ្ធផល និងនវានុវត្តន៍តាមឯកទេសនីយកម្មរៀងៗខ្លួន ជាពិសេសលើផ្នែកវប្បធម៌ បច្ចេកវិទ្យា និងសហគ្រិនភាព។ ជាមួយគ្នានេះ ស្តង់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹត្តិការណ៍ពិព័រណ៍នេះ ទទួលបាននូវភាពទាក់ទាញជាខ្លាំង ដោយមានអ្នកចូលទស្សនាច្រើន និងមានការកោតសរសើរពីថ្នាក់ដឹកនាំ ភ្ញៀវទីម័រ និងអន្តរជាតិ ផងដែរ៕
